សម្ដេចព្រះសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ
មហាបុរសទី២ នៃព្រះរាជាណាចក្រកម្ពុជា
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេច ព្រះសង្ឃរាជ
ទ្រង់ប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥
គ.ស.១៨៩២ នៅភូមិផ្សារឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម
ង៉ែត។
ការសាងព្រះផ្នួស និងការសិក្សា
ព្រះជន្មាយុបាន៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត ក្នុងសំណាក់
ព្រះធម្មឃោសាចារ្យ មាស
គង់នៅវត្តប្រាង្គ។
ព្រះជន្មាយុបាន១៣ឆ្នាំ បួសជាសាមណេរ នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្យ។
ព្រះអង្គបានសិក្សា
ព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលិខិត ស៊ូ។
ព្រះជន្មាយុបាន២១វស្សា នៅឆ្នាំជូត ព.ស.២៤៥៦
គ.ស.១៩១២ បានឧបសម្បទាក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្ដេចព្រះសង្ឃរាជ
និល ទៀង ជាព្រះឧបជ្ឈាយ៍។
១៥ថ្ងៃក្រោយមក
ត្រូវបានសម្តេចព្រះសង្ឃរាជ និល ទៀង តែងតាំងជា ព្រះគ្រូសង្ឃវិជ្ជា
(លំដាប់ពីនោះ១៥ថ្ងៃ ព្រះបាឡាត់ ជួន ណាត ក៏ត្រូវបានសម្តេចព្រះសង្ឃរាជ
និល ទៀង តែងតាំងជាព្រះគ្រូសង្ឃសត្ថា ដែរ) ។
ច្រើនខែក្រោយមក
ភិក្ខុជាកល្យាណមិត្តទាំងពីរអង្គនេះ បានចេះភាសាបារាំងអាចអាន និង
សរសេរបានខ្លះៗ ទើបលួចលាក់ទៅសិក្សាពីសំណាក់គ្រូ
ជាជាតិខ្មែរម្នាក់ទៀតឈ្មោះ ឡាំ អ៊ុំ
ដែលជាគ្រូបង្រៀនភាសាបារាំងអស់រយៈពេលជាច្រើនខែ ។ ដោយមានចរិតជាមនុស្សមិនចូលចិត្តធ្វើអ្វីសើរៗ
លោកក៏បន្តសិក្សាភាសានេះជាមួយលោក ពូ លិសេ ជាជនជាតិបារាំង ដែលរាជការបារាំងបានចាត់អោយមកបង្រៀននៅសាលាបាលីជាន់ខ្ពស់
។
ជាសិស្សរបស់ក្លឹង្គលក់សណ្តែកដី
គ្រាមួយនោះបុរសជាតិក្លឹង្គម្នាក់ ឈ្មោះ ឧទម្ពៃ ស្ពាយសណ្តែកដីដើរពពាយនាយលក់នៅក្នុងវត្តឧណ្ណាលោម ។ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានហៅក្លឹង្គនោះចូលមកសួរក្នុងកុដិថា “ តើអ្នកចេះភាសាសំង្ក្រឹតទេ ? ” បុរសដើរលក់សណ្តែកដីរូបនោះបានឆ្លើយថា “ ចេះ ” ។ ព្រះគ្រូសង្ឃសត្ថា សុំអោយបុរសនោះបញ្ចេញសំនៀងសាកលមើល ។ បុរសនោះបានសូត្រគាថា ដោយមានការលើកដាក់តាមបែបសំនៀងភាសាសំស្ក្រឹតចំនួនពីរបីគាថា ទើបព្រះគ្រូសង្ឃសត្ថា សុំក្លឹង្គនោះ អោយបង្រៀនភាសាសំស្ក្រឹត ជាហេតុនាំអោយព្រះអង្គ ( ហួត តាត ) បានសិក្សាភាសាសំស្ក្រឹតនៅក្នុងកុដិព្រះគ្រូសង្ឃសត្ថា ជួន ណាត នៅក្នុងកុដិដដែលនេះទៀត រហូតបានចេះអានចេះសរសេរអក្សរទេវនាគរី ( អក្សរសម្រាប់សរសេរភាសាសំស្ក្រឹត )និង ភាសាសំស្ក្រឹតបានខ្លះ ។
គ្រាមួយនោះបុរសជាតិក្លឹង្គម្នាក់ ឈ្មោះ ឧទម្ពៃ ស្ពាយសណ្តែកដីដើរពពាយនាយលក់នៅក្នុងវត្តឧណ្ណាលោម ។ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានហៅក្លឹង្គនោះចូលមកសួរក្នុងកុដិថា “ តើអ្នកចេះភាសាសំង្ក្រឹតទេ ? ” បុរសដើរលក់សណ្តែកដីរូបនោះបានឆ្លើយថា “ ចេះ ” ។ ព្រះគ្រូសង្ឃសត្ថា សុំអោយបុរសនោះបញ្ចេញសំនៀងសាកលមើល ។ បុរសនោះបានសូត្រគាថា ដោយមានការលើកដាក់តាមបែបសំនៀងភាសាសំស្ក្រឹតចំនួនពីរបីគាថា ទើបព្រះគ្រូសង្ឃសត្ថា សុំក្លឹង្គនោះ អោយបង្រៀនភាសាសំស្ក្រឹត ជាហេតុនាំអោយព្រះអង្គ ( ហួត តាត ) បានសិក្សាភាសាសំស្ក្រឹតនៅក្នុងកុដិព្រះគ្រូសង្ឃសត្ថា ជួន ណាត នៅក្នុងកុដិដដែលនេះទៀត រហូតបានចេះអានចេះសរសេរអក្សរទេវនាគរី ( អក្សរសម្រាប់សរសេរភាសាសំស្ក្រឹត )និង ភាសាសំស្ក្រឹតបានខ្លះ ។
ហាក់ដូចជាមិនទាន់មានឯកសារណាបញ្ជាក់ច្បាស់លាស់ពីកម្រឹតសិក្សា
របស់ព្រះមហាសង្ឃរាជអង្គនេះឡើយ ប៉ុន្តែយើងបានដឹងថា ព្រះអង្គ និងសម្តេចព្រះមហាសង្ឃរាជ
ជួន ណាត រមែងមានការសិក្សាស្របគ្នា ជាមួយគ្នាស្ទើរគ្រប់មុខវិជ្ជា ។
យើងបានដឹងទៀតថា នៅព.ស ២៤៥៧ គ.ស ១៩១៣ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត
ដែលកាលនោះព្រះអង្គនៅជា ព្រះគ្រូសង្ឃសត្ថា
បានប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារ ព្រះកែវមរកត
ចំពោះព្រះភក្ត្រព្រះករុណា ស៊ីសុវត្ថិ បាន៤ប្រយោគ ជាប្រយោគជាន់ខ្ពស់បំផុតនាសម័យនោះ
។ បុគ្គលដែលអាចចូលប្រឡងប្រភេទនេះបាន លុះណាតែបានសិក្សាសាលាបាលីជាន់ខ្ពស់ចប់ដោយបរិបូរ
ហើយជាអ្នកឆ្លៀវឆ្លាតទៀតផង ។ ហេតុនេះយើងអាចគិតថា ព្រះមហាសុមេធាធិបតី ហួត
តាត ក៏បានសិក្សាចប់សាលាបាលីជាន់ខ្ពស់ដែរ ។
ធម៌ចាស់ និង ធម៌ថ្មី
បន្ទាប់ពីសម្តេចព្រះសង្ឃរាជគណៈមហានិកាយ
និល ទៀង ចូលទីវង្គតបានប្រមាណជា១ឆ្នាំ ទើបព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យតែងតាំងព្រះថេរៈ
កែ អ៊ុក គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ជាព្រះធម្មលិខិត
ព្រះសង្ឃនាយកគណៈមហានិកាយនៅ ព.ស ២៤៥៨ គ.ស ១៩១៤ ។
សម័យនោះ
ព្រះសង្ឃគង់ក្នុងវត្តឧណ្ណាលោម ជាព្រះមហាថេរៈ មានសមណស័ក្តិ និង
វ័យប្រហាក់ប្រហែលគ្នា នឹងព្រះអង្គ ហើយព្រះថេរៈអង្គខ្លះទៀតមានចំណេះវិជ្ជាខ្ពង់ខ្ពស់ជាងនោះ
ទើបពុំសូវមានការគោរពកោតក្រែងចំពោះព្រះសង្ឃនាយកអង្គនេះឡើយ ។ ហេតុនេះ
នៅក្នុងវត្តឧណ្ណាលោម ជាវត្តប្រមុខ នៃព្រះពុទ្ធសាសនាមហានិកាយនោះ
មានភាពរកាំរកូសច្រើន មិនសូវរៀបរយសណ្តាប់ធ្នាប់ឡើយ ហើយក៏ពុំមានការសិក្សារកខុសត្រូវក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា
ដែរ ពោលគឺប្រតិបតិ្តតាមទំនៀមទំលាប់សុទ្ធសាធ ។
ថ្ងៃមួយ ជាពេលជិតចូលវស្សា
មានអ្នកអង្គម្ចាស់១អង្គ ( នាម ... ? ) ទំនង
ជាដោយហេតុបានឃើញភាពឆ្គាំឆ្គងនៃភិក្ខុ
សាមណេរក្នុងវត្តនេះជាដើមនោះ បានទៅទូលស្នើរសម្តេចព្រះសង្ឃនាយក
កែ អ៊ុក
សុំបង្កើតអោយមានព្រះសង្ឃសំដែងព្រះវិន័យក្នុងវិហារវត្តឧណ្ណាលោម
រាល់រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរស្តាប់រហូតដល់ចេញវស្សា ។
សម្តេចព្រះសង្ឃរាជ ក៏សព្វព្រះទ័យ និង
បានសម្រឹតសម្រាំងព្រះសង្ឃក្នុងវត្តឧណ្ណាលោម បាន៣អង្គដែលជាអ្នកមានភាពឆ្លៀវឆ្លាតផ្នែកខាងធម៌វិន័យ
។ ភិក្ខុ៣រូបនោះគឺ ព្រះគ្រូវិមលបញ្ញា អ៊ុំ ស៊ូ, ព្រះគ្រូសង្ឃសត្ថា
ជួន ណាត និង ព្រះគ្រូ សង្ឃវិជ្ជា ហួត តាត ។
ទទួលបានកាតព្វកិច្ចដ៏ សំខាន់នេះ ព្រះគ្រូទាំង៣រូបដែលមានប្រតិពលផ្នែកធម៌វិន័យស្រាប់
ហើយនោះក៏បន្ថែមការសំភីរបស់ខ្លួនក្នុងការសិក្សាស្រាជ្រាវរាវរកឬ សគល់
នៃ ព្រះវិន័យទ្វេឡើង ហើយនាំយកមកសំដែង និង បង្រៀនដល់ភិក្ខុសាមណេរក្នុងអារាមនេះ
។
មិនយូរប៉ុន្មាន បន្ទាប់ពីបានស្តាប់
និង បានរៀនមក ភិក្ខុសាមណេរជាច្រើនក្នុងវត្តឧណ្ណាលោម
ចាប់ផ្តើមភ្ញាក់រលឹក
និង មើលឃើញពីកំហុសដែលបានប្រតិបត្តិកន្លងមក ជាហេតុនាំអោយ មានការ
និយាយគ្នាច្រើនឡើងៗជារៀងរាល់ថ្ងៃអំពីផ្លូវប្រតិបត្តិខុស
និង ត្រូវ ។ ប្រការនេះបានបណ្តាលអោយសម្តេចព្រះសង្ឃនាយក និង
ព្រះមហាថេរៈមួយចំនួនក្នុងជួររាជាគណៈកើតទោមនស្សយ៉ាងក្រៃលែង
( ត្បិតអ្នកទាំងនោះក៏ប្រតិបត្តិបែបមានកំហុសនោះដែរ ) ។
មិនតែប៉ុណ្ណោះសោត
ពួកមនុស្សថ្នាក់កំពូលនៃព្រះពុទ្ធសាសនាមហានិកាយក្នុងប្រទេស
កម្ពុជាទាំងនេះបានពោលលើកទោសដាក់ព្រះសង្ឃក្មេងៗ
ដែលមានព្រះគ្រូទាំង៣រូបជាប្រមុខនេះថា
ពោលពាក្យផ្តេសផ្តាស បង្កាច់ បង្ខុស ពីទំនៀម
ទំលាប់ចាស់ដែលពួកខ្លួនធ្លាប់បានប្រតិបត្តិ ជាយូរលង់ណាស់មកហើយ និង
បានហាមឃាត់ភិក្ខុសាមណេរ លែងអោយទៅស្តាប់ទៅរៀនទៀត ។
កម្មវិធីសំដែងវិន័យក៏ចប់ត្រឹមនេះ
ប៉ុន្តែចរន្តនៃការចង់ដឹង ខុស និង ត្រូវពិតប្រាកដនេះ មិនបាន
បញ្ចប់ត្រឹមនេះទេ ហើយមនសិការនេះ រឹតតែខ្លាំងក្លាឡើង ។
ចំណែកព្រះគ្រូទាំង៣រូបក៏បានបន្ថែម ការព្យាយាមសិក្សាពិនិត្យគម្ពីរនានា
( កាលនោះសុទ្ធតែជាគម្ពីរភាសាបាលី ) របស់ខ្លួនកាន់តែខ្លាំង និង ប្រកបដោយឆន្ទៈមោះមុតជាងមុន
ដោយសារពួកលោកយល់ និង ប្រាកដថា អ្វីដែលពួកលោកបាន និង
កំពុងធ្វើនោះគឺពិតជាត្រឹម និង ត្រូវ ឥតមានល្អៀងប្រាសចាកពីពុទ្ធដីកាឡើយ
ហើយក៏ប្រាកដក្នុងចិត្តថា រាល់កិច្ចានុកិច្ចនោះ ត្បិតតែចិត្តបង្កាច់
បំបាក់អ្នកដទៃ ឬ ថាឥច្ឆាឈ្នានិសបុគ្គលណាម្នាក់ ឬ ថាដោយសារមហិច្ឆត្តាប្រាថ្នាលើកតំកើងខ្លួនឯង
ក៏ទេ ប៉ុន្តែគឺដើម្បីសេចក្តីចំរើន និង ភាពត្រឹម និង ត្រូវនៃព្រះពុទ្ធសាសនា អោយពុទ្ធសាសនិកមានប្រាជ្ញា
ប្រាសចាកការជឿ និង ប្រតិបត្តិទាំងភាពងងឹត ងងល់ និង
សេចក្តីចំរើនដល់ប្រទេសជាតិពិតៗ ។ នឹងថាការពោលអះអាងទាំងនោះជាគំនិតរបស់
ពួកលោកផ្ទាល់ ក៏មិនមែន ប៉ុន្តែវិន័យទាំងនោះមានចែងក្នុងគម្ពីរនានា
មានព្រះត្រ័យបិដក ជាអាទិ៍ ដោយពិត គ្រាន់តែថា គម្ពីរទាំងនោះជាភាសាបាលី
ដែលពួក អ្នកប្រកាន់បុរាណនិយមមិនចេះ ឬ មិនខ្វល់ក្នុងការពិនិត្យតែប៉ុណ្ណោះ
។ ( សូមអាន បន្ថែមទៀត សៀវភៅ កល្យាណមិត្តរបស់ខ្ញុំ
និពន្ធដោយសម្តេច ព្រះមហាសុមេធាធិបតី ហួត តាត ព្រះសង្ឃនាយកគណៈ មហានិកាយ ) ។
ពាក្យថា “ ធម៌ចាស់
” និង “ ធម៌ថ្មី ” ក៏បានចាប់បដិសន្ធិឡើងក្នុងទឹកដីខ្មែរចាប់ពីពេលនោះ ពោលគឺចេញពីវត្តឧណ្ណាលោម
។ ក្រុមដែលប្រកាន់ខ្ជាប់របៀបប្រតិបត្តិព្រះពុទ្ធសាសនាតាមទំលាប់ តៗគ្នាពីបុរាណ
( ទោះជាទំលាប់នោះមិនត្រឹត្រូវតាមពុទ្ធោវាទក្តី ) ហៅថា “
ពួកធម៌ចាស់ ” ហើយពួកនេះមិនរវីរវល់
នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់ជាមួយនឹងគម្ពីរដីការដែលជាគោលគ្រឹះនៃ ព្រះពុទ្ធសាសនាឡើយ
។
ក្រុមដែលសិក្សាពិនិត្យ និង ប្រតិបត្តិតាមដែលមានចែងក្នុងគម្ពីរដីការ
ហើយហ៊ានកែប្រែប្រសិនបើឃើញថាទំលាប់ណាខុស ។ ក្រុមត្រូវបានហៅថា “ ក្រុមធម៌ថ្មី
” ។
សម្តេចព្រះមហាសុមេធាធិបតី ហួត តាត
បានបញ្ចេញទស្សនៈថា “ ពាក្យ ធម៌ចាស់ និងធម៌ថ្មី នេះ
ជាពាក្យអព្វមង្គល អ្នកបង្កើតអោយមានពាក្យនេះ ជាកំហុសដ៏ធំសម្បើម និង
គួរអោយ សោកស្តាយយ៉ាងក្រៃលែង ព្រោះធ្វើអោយសង្គមពុទ្ធសាសនិកខ្មែរបែកបាក់សាមគ្គី
” ។
នៅក្នុងពិធីថ្វាយសញ្ញបត្រ
មហាបណ្ឌិត អក្សរសាស្ត្រខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នាថ្ងៃទី២៨
ខែឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានមានព្រះបន្ទូលថា “ អ្នកខ្លះនិយាយខុសទាំងស្រុងថា
នៅក្នុងសាសនាយើងមានធម៌ថ្មី ធម៌ចាស់ ។ តាមការពិតយើង ពុំមានធម៌២ទេ
មានតែ១គត់ ។ ដែលនិយាយថា ធម៌ថ្មីនោះ គឺការដែលខំសម្រឹតសម្រាំងព្រះសាសនា
អោយផុតអំពីជំនឿខុស អំពីការយល់ហួសហេតុផល និង ទម្លាប់ខុស គឺពុំមែនធ្វើអោយ
ព្រះពុទ្ធសាសនាទៅជាបែបថ្មីទេ ។ ការពិតគឺធ្វើអោយព្រះសាសនាត្រឡប់ទៅរកប្រភពដើមដ៏ត្រឹម
ត្រូវល្អវិញតែប៉ុណ្ណោះ ” ។
សម្តេចព្រះធម្មលិខិត កែ អ៊ុក ព្រះសង្ឃនាយកគណៈមហានិកាយ និង ព្រះមហាថេរៈមួយ
ចំនួនដែលស្ថិតនៅក្នុងជួររាជាគណៈ ជាមេក្លោង ក្រុមអភិរ័ក្សបែបបុរាណនិយម ។
ក្រុមនេះក៏បាន ប្រឆាំងដាច់ខាតផងដែរនូវការសិក្សាផ្នែកបរិយតិ្តធម៌ ដែលតម្រូវអោយបកប្រែគម្ពីរព្រះពុទ្ធសាសនា
ពីភាសាបាលី មកជាភាសាជាតិ ។ ក្រុមបុរាណនិយម នេះក៏បានប្រឆាំងផងដែរ នឹង
ការយកគម្ពីរ ដីកាព្រះពុទ្ធសាសនាមកបោះពុម្ពជាសៀវភៅដែលប្រើក្រដាស ដោយក្រុមនេះបានតម្រូវអោយរក្សា
គម្ពីរដីកានានា អោយនៅជាសាស្ត្រាស្លឹករឹត ដដែល ។
ប៉ុន្តែព្រះគ្រូសង្ឃសត្ថា ជួន ណាត
, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត , ព្រះគ្រូវិមលបញ្ញា
អ៊ុំ ស៊ូ និង ព្រះបវរញាណវិជ្ជា ល្វី ឯម បានបន្ថែមការព្យាយាមរិតតែខ្លាំងក្លាក្នុងការស្រាវជ្រាវចងក្រង
ជាសៀវភៅដូចជាសៀវភៅ សាមណេរវិន័យ , ភិក្ខុបាតិមោក្ខសង្ខេប
, បព្វជ្ជាខន្ធកសង្ខេប, សីមាវិនិច្ឆ័យសង្ខេប
, គហិប្បដិបត្ត និង កឋិនក្ខន្ធក
ជាដើម បើទោះជាត្រូវបានក្រុមសម្តេច ព្រះសង្ឃនាយក កែ អ៊ុក
បង្កជាឧបសគ្គរារាំងយ៉ាងណាក្តី ។
ទំនាស់
ក្នុងព្រះពុទ្ធសាសនាបានរីករាលដាល
តាំងពីថ្នាក់រាជធានីរហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំងប្រទេស
ដែលនាំអោយសាមគ្គីភាពរបស់ពុទ្ធបរិស័ទខ្មែរជួបភាពប្រេះឆាយ៉ាងជូរចត់
រហូតដល់ ព្រះធម្មលិខិត ព្រះសង្ឃនាយក កែ អ៊ុក
បានធ្វើពាក្យបណ្តឹងទៅក្រសួងធម្មការ
ដើម្បីសុំព្រះរាជ អន្តរាគមន៍ពីព្រះករុណា ស៊ីសុវត្ថិ ។
បន្ទាប់ពីព្រះរាជសវនាការ និង ជ្រាបសព្វសេចក្តីមក ព្រះករុណាបានមានព្រះបន្ទូលសរសើរ យ៉ាងក្រៃលែងចំពោះកិច្ចការរបស់ព្រះថេរៈ ទាំង៤អង្គនេះ និង បានព្រះរាជទានប្រាក់រង្វាន់ ចំនួន ២០រៀល ( កាលនោះចំនួននេះមិនមែនតិចឡើយ ) ដល់ព្រះគ្រូសង្ឃសត្ថា ។
បន្ទាប់ពីព្រះរាជសវនាការ និង ជ្រាបសព្វសេចក្តីមក ព្រះករុណាបានមានព្រះបន្ទូលសរសើរ យ៉ាងក្រៃលែងចំពោះកិច្ចការរបស់ព្រះថេរៈ ទាំង៤អង្គនេះ និង បានព្រះរាជទានប្រាក់រង្វាន់ ចំនួន ២០រៀល ( កាលនោះចំនួននេះមិនមែនតិចឡើយ ) ដល់ព្រះគ្រូសង្ឃសត្ថា ។
សោតឯព្រះករុណា មុនីវង្ស
ដែលកាលនោះទ្រង់នៅជា ព្រះអង្គម្ចាស់ នៅឡើយនោះ ទ្រង់តែងមានការសព្វព្រះទ័យចំពោះកិច្ចានុកិច្ចរបស់ព្រះភិក្ខុទាំង៤
រូបនេះជាខ្លាំង ហើយមានពេលខ្លះបានមាន បន្ទូលជាមួយព្រះករុណា ស៊ីសុវត្ថិ ថា
“ ព្រះសង្ឃចាស់ៗទាំងនោះ ( ក្រុមរបស់ សម្តេច កែ អ៊ុក ) គ្មានចេះអ្វីសោះ
អាងតែ ខ្លួនឯងជាមនុស្សចាស់ ជាអ្នកធំជាងគេ មានគំនិតឈ្នានិស គេ
មិនចង់អោយគេចេះដឹង...គួរតែដក ចេញពីតំណែងទើបសម ” ។
ក្រុមនេះមិនបានបញ្ចប់ត្រឹមនេះឡើយ
ហើយបានបន្តប្រឆាំងនឹងកិច្ចានុកិន្ចរបស់ព្រះគ្រូ អនាគត មហាបុរសប្រវត្តិសាស្ត្រខ្មែរទាំងនេះដោយប្រការផ្សេងៗទៀត
ដែលក្នុងក៏មានទាំងកុង្សីយ៍ សេនាបតី នៃ ក្រសួងធម្មការ ក៏ហាក់មានទំនោរទៅខាងក្រុមបុរាណនិយមដែរ
និង មានចំណែកក្នុងការបន្ទច់ បង្អាក់នូវការបោះពុម្ពជាសៀវភៅរបស់ព្រះភិក្ខុអនាគតបណ្ឌិតទាំងនេះ
។
គណៈកម្មការមួយត្រូវបានប្រកាសតែងតាំឡើងនៅថ្ងៃទី៣០
ខែកក្កដា គ.ស ១៩៣៧ ដែល មានសមាជិក៤រូបដើម្បីសិក្សាពីភាពផ្សេងគ្នារវាងធម៌ចាស់
និង ធម៌ថ្មី និង ដើម្បីរកមធ្យោបាយបន្សាត់ បង់នូវជម្លោះសាសនានាពេលនោះ ។ សមាជិកទាំងបួនរូបនោះគឺ
ព្រះគ្រូសំសត្ថា ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។
អ្នកប្រាជ្ញជាតិបារាំងម្នាក់ឈ្មោះ
ល្វី ហ្វីណូត៍ ជាចាងហ្វាងសាលាបារាំងសែស ( សាលាចុងបូព៌ពា ) នាទីក្រុង ហាណូយ
បានមកដល់ប្រទេសខ្មែរនៅឆ្នាំ១៩២២ក្នុងបេសកកម្ម ពិនិត្យមើលកិច្ចការនៅនគរវត្ត
និង ការសិក្សានានានៅប្រទេសខ្មែរ ។ លោក ហ្វីណូត៍ ជាអ្នកស្ទាត់
ជំនាញនូវភាសាបាលី សំស្ក្រឹត និង អក្សរខ្មែរបុរាណ
ដែលមានចារិកលើផ្ទាំងថ្មនានា ។ លោកយល់ថា ខ្មែរមិនគួរសិក្សាភាសាឡាតាំង
ទៀតទេ ព្រោះមិនមានអ្វីពាក់ព័ន្ធនឹងអក្សរសាស្ត្រជាតិរបស់ខ្លួន ហើយ ថានៅសាលាធំៗ
ខ្មែរគួរសិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិតភាសាខ្មែរមានទំនាក់ទំនងយ៉ាង
ច្រើនជាមួយភាសាទាំងពីរនេះ ។
លោកបានមើលឃើញទៀតថា ឥឡូវនេះ ភាសាបាលីមានអ្នកសិក្សាច្រើនគួរសមហើយ
ប៉ុន្តែ នៅមិនទាន់មានអ្នកសិក្សាភាសាសំស្ក្រឹតសោះឡើយ ហេតុនេះលោកបានពិគ្រោះជាមួយ
ឡឺរ៉េស៊ីដង់ត៍ ស៊ូប៉េរីយើរ ( ប្រចាំនៅកម្ពុជា ) ថាត្រូវបញ្ជូនព្រះសង្ឃខ្មែរពីរូបដែលមានចំណះវិជ្ជាច្បាស់លាស់
ផ្នែក ភាសាបាលី ( ងាយស្រួលបង្រៀនភាសាសំស្ក្រឹត ព្រោះភាសាទាំងពីរនេះប្រហាក់ប្រហែលគ្នា
) ទៅទីក្រុងហាណូយ ហើយលោកនឹងបង្រៀនដោយផ្ទាល់ បន្ទាប់មកនឹងបញ្ជូនព្រះសង្ឃ ទាំងពីររូបនោះ
អោយត្រឡប់មកបណ្តុះបណ្តាលភាសានេះនៅកម្ពុជាវិញ ។
រាជការខ្មែរជ្រើសរើសព្រះសង្ឃបានមួយរូបគឺព្រះគ្រូសង្ឃសត្ថា
ជួន ណាត ដែលកាលនោះ ព្រះអង្គមាននាទីជាសាស្ត្រាចារ្យបង្រៀនភាសាបាលីនៅសាលាបាលី
ជាន់ខ្ពស់ ( ពុទ្ធិកសកល វិទ្យាល័យព្រះសុរាម្រឹត ) ។
ព្រះគ្រូសង្ឃ សត្ថា បានមានព្រះថេរដីកាថា “ បើរាជការបញ្ជូនព្រះសង្ឃអង្គណាទីទៃពី ព្រះគ្រូសង្ឃវិជ្ជា ហួត តាត នោះ ព្រះអង្គនឹងមិននិមន្តទៅសិក្សាឡើយ ត្បិតមានតែព្រះគ្រូរូបនេះទេ ដែលមានចំណេះវិជ្ជាផ្នែកភាសាបាលី និង សំស្ក្រឹតនេះស្រាប់ សោតឯអាធ្យាស្រ័យក៏ត្រូវគ្នាជាមួយ នឹងព្រះអង្គផងទៀត ” ។ ដោយហេតុនេះ ព្រះគ្រូសង្ឃវជ្ជា នៃ យើងក៏បានត្រូវបញ្ជូនទៅសិក្សា នៅទីក្រុងហាណូយ ជាមួយព្រះគ្រូសង្ឃសត្ថា ជួន ណាត ទៀត។
ព្រះគ្រូសង្ឃ សត្ថា បានមានព្រះថេរដីកាថា “ បើរាជការបញ្ជូនព្រះសង្ឃអង្គណាទីទៃពី ព្រះគ្រូសង្ឃវិជ្ជា ហួត តាត នោះ ព្រះអង្គនឹងមិននិមន្តទៅសិក្សាឡើយ ត្បិតមានតែព្រះគ្រូរូបនេះទេ ដែលមានចំណេះវិជ្ជាផ្នែកភាសាបាលី និង សំស្ក្រឹតនេះស្រាប់ សោតឯអាធ្យាស្រ័យក៏ត្រូវគ្នាជាមួយ នឹងព្រះអង្គផងទៀត ” ។ ដោយហេតុនេះ ព្រះគ្រូសង្ឃវជ្ជា នៃ យើងក៏បានត្រូវបញ្ជូនទៅសិក្សា នៅទីក្រុងហាណូយ ជាមួយព្រះគ្រូសង្ឃសត្ថា ជួន ណាត ទៀត។
ពួក
អ្នកប្រកាសខ្លួនថា
ជាអ្នកធម៌ចាស់ ពេលបានដឹងថា ព្រះគ្រូទាំងពីររូបដែលជាអ្នកដឹក
នាំការសិក្សាកែប្រែនូវការប្រតិបត្តិខុសឆ្គងអោយត្រឡប់ជាត្រឹមត្រូវ
វិញតាមពុទ្ធបញ្ញត្តិនេះ ត្រូវបាន
រាជការជ្រើសរើសបញ្ជូនអោយទៅសិក្សានៅហាណូយយ៉ាងនេះ
ពួកនេះមានការសប្បាយចិត្ត ហើយ បានផ្សព្វផ្សាយថា
ការបញ្ជូននេះជាលេសដែលរាជការបោះបង់ភិក្ខុទាំងទ្វេនេះចោលតែ
ប៉ុណ្ណោះ ហេតុនេះ
មុខជានឹងមិនមានថ្ងៃណាបានត្រឡប់មកស្រុកខ្មែរវិញឡើយ
។
ព្រះ
គ្រូមានសារជាតិជាបណ្ឌិតមិនមានទោមនស្សនឹងរឿងនេះឡើយ លោកបានខិតខំសិក្សា
មិនតែភាសាសំស្ក្រឹតឡើយ លោកថែមទាំងបានសិក្សានូវអក្សរសិលាចារិក និង
ស្វែងយល់ពីជីវភាព ស្រុកទេសនៅទីនោះផងដែរ ។
ប្រមាណជាពីរឆ្នាំក្រោយមកអនាគតមហាបុរសរបស់យើង
ទាំងទ្វេ ត្រូវបានបញ្ជូនត្រឡប់មក មាតុប្រទេសវិញ ហើយព្រះគ្រូសង្ឃសត្ថា ជួន
ណាត ត្រូវបានអោយ បន្តកិច្ចការជាសាស្ត្រាចារ្យ ភាសាបាលីតទៅទៀត ខណៈព្រះគ្រូ
សង្ឃវិជ្ជា ហួត តាត ត្រូវបានតែង តាំងជាសាស្ត្រាចារ្យបង្រៀន
ភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់ ហើយក៏ជាសាស្ត្រាចារ្យភាសាសំស្ក្រឹតដំបូងគេនៅកម្ពុជា
ចាប់ តាំងពីការដួលរលំអាណាចក្រអង្គរ ។
បេសកកម្មនានា
សៀវភៅប្រវត្តិសង្ខេបពុទ្ធសាសនាបណ្ឌិត្យ
បានបរិយាយថា ’ អគ្គទេសាភិបាល ប៉ាស្គីយេរ បានផ្ញើលិខិតមួយច្បាប់
ចុះថ្ងៃទី១០ ខែកក្កដា ១៩២៩ មកលោករ៉េស៊ីដង់ជាន់ខ្ពស់ប្រចាំកម្ពុជា
ដើម្បីទូលថ្វាយព្រះករុណា ស៊ីសុវត្ថិមុនីវង្ស
ក្នុងបំណងស្នើបញ្ជូនព្រះសង្ឃមួយអង្គ ដែលចេះភាសាបារាំងដើម្បីជួយសំរួល
និង ផ្សព្វផ្សាយអោយព្រះសង្ឃ និង ឧបាសកឧបាសិកា យល់ពីសារៈសំខាន់ នៃ ការបង្កើតមន្ទីរសំរាប់អ្នកប្រាជ្ញខាងព្រះពុទ្ធសាសនា
(វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) ។ ដោយហេតុនេះ
ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និង អភិរ័ក្សព្រះរាជបណ្ណាល័យ
ចេញដំណើរទៅកូសាំងស៊ីនតាម សេចក្តីស្នើ” ។
ប៉ុន្តែនៅទំព័រ៦៣
សៀវភៅដដែលនេះបែរជានិយាយថា ’ ១៩២៨ ព្រះអង្គត្រូវបានបញ្ជូនទៅ
កូសាំងស៊ីន ជាមួយនឹងអភិរ័ក្សព្រះរាជបណ្ណាល័យកម្ពុជា ដើម្បីផ្សព្វផ្សាយអោយព្រះសង្ឃ
និង ប្រជាពលរដ្ឋយកចិត្តទុកដាក់អំពីប្រពៃណីខ្មែរ ហើយព្រះអង្គបាននិមន្តទៅទីនោះម្តងទៀតដើម្បីពន្យល់
ពីការបង្កើត និង ផលប្រយោជន៍នៃមន្ទីរពុទ្ធសាសនបណ្ឌិត្យ ” ។
យើងកត់ចំណាំឃើញថា មានភាពខុសគ្នានូវកាលបរិច្ឆេទឆ្នាំ
១៩២៩ ដែលអគ្គទេសាភិបាល ប៉ាស្គីយេរ ផ្ញើសំបុត្រមកកម្ពុជា ដើម្បីស្នើសុំបណ្ឌិតមួយរូបដើម្បីជួយសម្រួល
បកស្រាយពន្យល់... ដែលជាលទ្ធផល ភិក្ខុ ហួត តាត
ក្នុងឋានៈជាព្រះគ្រូសង្ឃវិជ្ជា និង អភិរក្សព្រះរាជបណ្ណាល័យ ត្រូវបានបញ្ជូនទៅកូសាំងស៊ីន
តាមការស្នើ ( ១៩២៩ ) នោះ នៅឆ្នាំ១៩២៨ ទៅវិញ ។
អំឡុងពេលអាណានិគមបារាំង (
ចាប់ពីរជ្ជកាលព្រះករុណាអង្គឌួងមក ) ក្នុងបេសកកម្ម
នៃការរៀបចំប្រទេសជាតិឡើងវិញបន្ទាប់ពីរការខ្ទេចខ្ទាំ និង
ក្នុងគោលបំណងដើម្បីទប់ស្កាត់កុំអោយព្រះសង្ឃខ្មែរធ្វើដំណើរទៅ សិក្សាព្រះត្រ័យបិដកនៅប្រទេសជិតខាង
( សំដៅដល់ប្រទេសសៀម ហើយមួយផ្នែក គឺជាវិធានការមួយដែលរដ្ឋការបារាំង បានចាត់ដើម្បីការពារដែនដីអាណានិគមរបស់ខ្លួន
កុំអោយទទួលឥទ្ធិពលពីប្រទេសសៀមដែលជាដៃគូរបស់អង់គ្លេស ) ទៀតនោះ ប្រទេសខ្មែរ
បានបង្កើតសាលាបាលីជាន់ខ្ពស់ឡើង ។ ព្រះភិក្ខុ ហួត តាត ដែលជាបញ្ញវ័ន្តសង្ឃខ្មែរមួយរូបដែរនោះ
បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញកាតព្វកិច្ចរបស់សាលា ជាន់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា
នៅប្រទេសកម្ពុជានេះ ។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាស្ថាប័នសំខាន់ទី៣សម្រាប់ពុទ្ធសាសនា
( ទី១- ព្រះរាជបណ្ណាល័យ ,ទី២- សាលាបាលីជាន់ខ្ពស់ និង ទី៣-
វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ ) ត្រូវបានបង្កើតឡើងជាមន្ទីរសម្រាប់អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនា
ជាពិសេសសម្រាប់ប្រជាជាតិនៅឥណ្ឌូចិន ។ ភិក្ខុបណ្ឌិតសង្ឃ ហួត តាត ក៏បានរួមចំណែកយ៉ាងសកម្ម
និង ដ៏សំខាន់ ក្នុងបេសកកម្មរបស់ស្ថាប័នមួយនេះ ហើយនៅ គ.ស ១៩៣១ ព្រះអង្គបាននិមន្តទៅទីក្រុងវៀងច័ន្ទ
និង ហ្លួងព្រះបាង ( ជាមួយ សម្តេចព្រះសង្ឃរាជ ជួន ណាត និង សមាជិកគណៈប្រតិភូឯទៀតៗ
) ដើម្បីចូលរួមពិធីសម្ពោធ មន្ទីរពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និង ពិភាក្សាអំពីការបង្កើតសាលាបាលីជាន់ខ្ពស់នៅប្រទេសនោះ
។
ក៏ដូចជាវិស្ស័យផ្សេងៗទៀតដែរ អក្សរសាស្ត្រខ្មែរបានបាត់បង់ក្បួនខ្នាត
ដែលបង្កើតអោយមានផលលំបាកនានា និង មិនមានភាពចុះសម្រុងគ្នាក្នុងការសរសេរ
និង អត្ថន័យ នៃវចនៈ ជាពិសេសបច្ចេកស័ព្ទ ( ពាក្យបច្ចេកទេស )
អោយបានច្បាស់លាស់ជាផ្លូវការ ពោលគឺពុំមានអ្វីជាបទដ្ឋានផ្លូវការ
។ ដោយហេតុនេះទើបលោកអ្នកដឹកនាំជាតិបានរៀបចំអោយមានជាវចនានុក្រមខ្មែរ ហើយ
សមាសភាព នៃ គណៈកម្មការនោះ ភាគច្រើនជាព្រះសង្ឃ ។
មនុស្សខ្មែរគ្រប់រូបពិតជាពុំមាននរណាម្នាក់អាចបំភ្លេចបានឡើយ
នូវគុណូបក្ការៈដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងការប្រសូត្រវចនានុក្រមខ្មែរ
ហើយបានជាខ្នាតរង្វាស់ផ្លូវការតែមួយគត់សម្រាប់អក្សរសាស្ត្រខ្មែរ រហូតមកដល់បច្ចុប្បន្ន
( ទោះយ៉ាងណាយើងត្រូវការធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់) ។
គ.ស ១៩១៩ ព្រះភិក្ខុ ហួត តាត ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការរៀបចំវចនានុក្រមខ្មែរ
ហើយឆ្នាំ១៩៤៥ ព្រះអង្គត្រូវបានតែងតាំងជាព្រះអធិបតីថេរសភា ។ គម្ពីរផ្លូវការរបស់ព្រះពុទ្ធសាសនា
( គម្ពីរព្រះវិន័យ, ព្រះសូត្រ និង ព្រះអភិធម្ម )
ត្រូវបានហៅទូទាំងពិភពលោកថា ត្រ័យបិដក ហើយគម្ពីរទាំងនេះកាលដើមឡើយត្រូវបានសរសេរជាភាសាសំស្ក្រឹត
ប៉ុន្តែដោយភាសានេះមិនអាចឆ្លើយតបនឹងតម្រូវការបាន ទើបក្រុមថេរវាទ ( ហីណយាន
) បានយកមកសរសរជាភាសាបាលី ។
វាជារឿងត្រឹមត្រូវ និង ចាំបាច់ ដែលប្រទេសទាំងឡាយកាន់ព្រះពុទ្ធសាសនា
ដូចជាប្រទេសចិន និង ជប៉ុន ជាដើម សុទ្ធតែបានបកប្រែគម្ពីរទាំងនេះអោយទៅជាភាសាជាតិរបស់គេ
។ នៅប្រទេសកម្ពុជា បន្ទាប់ពីការមិនបានជោគជ័យក្នុងការរាំងខ្ទប់ពីក្រុមបុរាណនិយម
របស់សម្តេច កែ អ៊ុកមក គណៈកម្មការបានព្រមព្រៀងបកប្រែព្រះត្រ័យបិតកមកជាភាសាជាតិ
។
គ.ស ១៩៤៨ ព្រះភិក្ខុ ហួត តាត ត្រូវបានតម្លើងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់
និង ជាសមាជិកក្រុមជំនុំព្រះត្រ័យបិដក ។
ឆ្នាំជូត ព.ស ២៤៩២ គ.ស ១៩៤៩
ព្រះអង្គបានទទួលព្រះសមណៈស័ក្តិជា ព្រះពោធិវ័ង្ស ក្នុងវ័យ ៥៧ ព្រះវស្សា ។
គ .ស ១៩៥៥
ព្រះអង្គបានក្លាយជាអគ្គាធិការ នៃ ពុទ្ធិកសិក្សាក្នុងប្រទេសកម្ពុជា
ហើយគ.ស ១៩៦៨ ព្រះអង្គត្រូវបានតែងតាំងជាសាកលវិទ្យាធិការនៃពុទ្ធិកសកលវិទ្យាល័យ
និង បានទទួលព្រះសមណៈស័ក្តិជា សម្តេចព្រះពោធិវ័ង្ស នៅឆ្នាំរោង ព.ស ២៥០៨
គ.ស ១៩៦៥ ( សៀវភៅ ព្រះរាជជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ ថា គ.ស១៩៦៩ ។
ប៉ុន្តែធ្វើគណនាទៅ យើងបានឃើញថា គ.ស ១៩៦៥ ) ក្នុងព្រះជន្មាយុ ៧៣ព្រះវស្សា
។
យើងដឹងថា ព្រះអង្គបានទទួលការតែងតាំងចំនួន៤ទៀតដែលយើងមិនប្រាកដនូវ
កាលបរិច្ឆេទ នៃ ការតែងតាំងទាំងនោះគឺៈ ជាព្រូគ្រូសូត្រស្តាំ វត្តឧណ្ណាលោម (
ពេលសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើងជាព្រះចៅអធិការវត្តឧណ្ណាលោម ), ព្រះវិសុទ្ធិវង្ស
រាជាគណៈកិត្តិយស , ព្រះសក្យវង្ស និង ព្រះមហាវិមលធម្ម ។
បន្ទាប់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត
សុគតទៅ ( ថ្ងៃទី ២៥ ខែកញ្ញា គ.ស ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា
នាព្រះរាជតំណាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ ) សម្តេចព្រះពោធិវ័ង្ស ហួត តាត
ព្រះជន្មា ៧៨ ព្រះវស្សា ឆ្នាំរកា ព.ស ២៥១៣ គ.ស ១៩៧០ ព្រះអង្គទទួលការ តែងតាំងពីសំណាក់ឯកឧត្តម
ចេង ហេង ប្រធានសភាជាតិ នូវព្រះសមណៈស័ក្តិជា ព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ
គណៈមហានិកាយ ។
ពុំ
មានឯកសារណាអះអាងថាសម្តេចព្រះសង្ឃរាជអង្គនេះ
ចូលទីវង្គតនៅឆ្នាំណា ដោយសារអ្វី និង នៅទីណាច្បាស់លាស់ឡើយ
ដោយសង្វាក់នៃការកត់ត្រាប្រវត្តិសាស្ត្រត្រូវបានផ្តាច់យ៉ាងសមុច្ឆេទ
នៅក្នុងរបបខ្មែរក្រហម ( ១៩៧៥-១៩៧៩ ) ។ ទោះយ៉ាងណា សៀវភៅឈ្មោះ
ប្រវត្តិសង្ខប
ពុទ្ធសាសនបណ្ឌិត្យ បាននិយាយថា ’ នៅអំឡុងឆ្នាំ១៩៧៥ ព្រះអង្គត្រូវបានជំលៀសជាមួយព្រះសង្ឃ
ដទៃទៀត ទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ហើយព្រះអង្គប្រហែលជាត្រូបានធ្វើគត់នៅទីនោះ ” ។ ហេតុនេះ
ព្រះអង្គទំនងជាបានចូលទីវង្គតនៅព្រះជន្មាយុ៨៣-៨៤ ព្រះវស្សា ។
សម្តេចព្រះសង្ឃរាជ ជួន ណាត
ត្រូវបានទទួលស្គាល់ថា ជាមហាបុរសទី១ ក្នុងប្រវត្តិ អក្សរសាស្ត្រខ្មែរ និង
ព្រះពុទ្ធសាសនា មហានិកាយ ដោយសារកិច្ចានុកិច្ចដែលព្រះអង្គបានបំពេញ ។ ទោះយ៉ាងណា
កិច្ចានុកិច្ចទាំនោះសឹងមានសម្តេចព្រះមហាសុមេធា ធិបតី ហួត តាត ជាសហការី ដ៏ស្និទ
ហេតុនេះ យើងពិតជាអាចអះអាងបានថា សម្តេចព្រះសង្ឃរាជ ហួត តាត ជាមហាបុរសទី២
បន្ទាប់ពីសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ។
សម្ដេចសង្ឃរាជ ជួន ណាត, ហួត តាត និង កញ្ញា
ការបឺឡែស (កូសាំងស៊ីន ឆ្នាំ ១៩៣៩)
កិច្ចការងារបម្រើសាសនា៖
- ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥២ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ត្រូវរាជរដ្ឋាភិបាលតែងតាំងជាប្រធានគណៈប្រតិភូ តំណាំងពុទ្ធសាសនាកម្ពុជា ទៅប្រទេសជប៉ុន ចូលរួមមហាសន្និបាតលើកទី២ នៃពុទ្ធិកសមាគមពិភពលោក នៅតូក្យូ និង ក្រុងផ្សេងទៀតក្នុងប្រទេសនេះរយៈពេល ១ខែ ២០ថ្ងៃ។
- ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៣ ព្រះករុណាជីវិតលើត្បូង នរោត្ដម សីហនុ រាជានុញ្ញាតសម្ដេចព្រះពោធិវ័ង្ស ព្រះមហាប៉ាង ខាត់ ដើម្បីសង្កេតការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យនានា នៅប្រទេសថៃ។ ត្រឡប់មកវិញរាយការណ៍ថ្វាយសម្ដេចអគ្គសាសនូបត្ថម្ភ ទ្រង់អនុញ្ញាតឲ្យបង្កើតពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជ សម្រាប់បព្វជិតជាតិខ្មែរ ដោយព្រះរាជក្រមលេខ៨៧៩ ន.ស. ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៥៤។
- ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៥៤ សម្ដេចព្រះពោធិវ័ង្ស ជាប្រធានប្រតិភូខ្មែរទៅប្រទេសជប៉ុន ចូលរួមសន្និសិទអន្ដរជាតិ ដើម្បីស្វែងរកសន្ដិភាពក្នុងពិភពលោក។ ដំណើរលើកនេះអស់រយៈពេល ២ខែ ២០ថ្ងៃ។
- ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៥៤ បាននិមន្ដទៅប្រទេសភូមាចូលរួមធ្វើឆដ្ឋសង្គាយនា និង ចូលរួមសន្និសិទលើកទី៣ នៃពុទ្ធិកសមាគមពិភពលោក ដែលធ្វើនៅទីក្រុងរ៉ង់ហ្គូន។
- ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៥៥ សម្ដេចព្រះពោធិវ័ង្ស ជាមួយលោក យឹម វ៉ែន ទីប្រឹក្សាបច្ចេកទេស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និង លោក កាន់ ម៉េងកៅ ជាវេយ្យាវច្ចករក្នុងដំណើរទស្សនាពិនិត្យការសិក្សាលើកទី២ នៅប្រទេសថៃម្ដងទៀត។
- ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៦ សម្ដេចព្រះពោធិវ័ង្ស អមដំណើរដោយលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យបាននិមន្ដទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិចអស់រយៈពេល ៣ខែ តាមការនិមន្ដរបស់រដ្ឋាភិបាលអាមេរិច ដោយបានយល់ព្រមពីរាជរដ្ឋាផិបាលខ្មែរ។
- ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ សម្ដេចដឹកនាំគណៈប្រតិភូខ្មែរ ទៅប្រទេសលាវ ចូលរួមបុណ្យពុទ្ធសតវត្សទី២៥ នៅទីក្រុងវៀងចន្ទន៍ និង ក្រុងហ្លួងព្រះបាង។
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៨ ត្រូវបានពុទ្ធិកសមាគមចិន និមន្ដទៅទស្សនាប្រទេសចិន រយៈពេល ១ខែកន្លះ។
- ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងសម្ដេចជាតំណាងចូលរួមបុណ្យអនុឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន ជាមួយនឹងលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អស់រយៈពេល ២សប្ដាហ៍។ បន្ទាប់ពីនោះនិមន្ដបង្ហួសទៅគោរពពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា ចំនួន ១ខែ ហើយឆ្លងទៅកោះសិរីលង្កា ដើម្បីធ្វើអភិវន្ទន៍ព្រះចង្កូមកែវ និង ទស្សនាសាលារៀនខាងពុទ្ធសាសនា នៅទីនោះចំនួន ២សប្ដាហ៍ទៀត។
សមណសក្ដិដែលសម្ដេចបានទទួល៖
- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩២២ សម្ដេចព្រះមហាសង្ឃរាជ ប្រទានឋានន្ដរសក្ដិជាព្រះគ្រូសង្ឃវិជ្ជា។
- ឆ្នាំ ១៩១៩ រាជការតែងតាំងជាក្រុមជំនុំរៀបចំបង្កើតវចនានុក្រមខ្មែរ។
- ឆ្នាំ ១៩២២ រាជការចាត់ឲ្យទៅរៀនភាសាសំស្រ្កឹត អក្សរថ្ម ខ្មែរបុរាណ និង ប្រវត្តិពុទ្ធសាសនានៅបរទេស ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅអាស៊ីអាគ្នេយ៍ក្រុងហាណូយ ជាមួយនឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត។
- ឆ្នាំ ១៩២៤ មកពីហាណួយវិញ រាជការតែងតាំងជាសាស្ដ្រាចារ្យបង្រៀនភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់។
- ឆ្នាំ ១៩២៥ រាជការតែងតាំងជាសមាជិកពិនិត្យវិញ្ញាសានៃសៀវភៅទាំងឡាយដែលគ្រឹះស្ថាននោះ ត្រូវបោះផ្សាយ។
- ឆ្នាំ ១៩២៨ រាជការចាត់តាំងឲ្យធ្វើបរិវដ្ដ គមនាគមន៍ ដែនកូសាំងស៊ីន ជាមួយនឹងអធិបតីនៃព្រះរាជបណ្ណាល័យកម្ពុជា ដើម្បីពន្យល់ព្រះសង្ឃ និង គ្រហស្ថជាតិខ្មែរ ឲ្យពេញចិត្តសិក្សាអក្សរសាស្ដ្រជាតិខ្មែរជាដើម។ ក្រោយមក ជាតំណាងយ៉ាងខ្ពង់ខ្ពស់ នៃព្រះករុណាអម្ចាស់ជីវិតលើត្បូង ជាមួយនឹងអធិបតីនៃប្រទេសឥណ្ឌូចិនបារាំងសែស ដើម្បីពន្យល់រាស្ដ្រអំពីប្រយោជន៍ និង ការបង្កើតពុទ្ធសាសនបណ្ឌិត្យ។
- ឆ្នាំ ១៩៣១ សម្ដេចស៊ីសុវត្ថិមុនីវង្ស ប្រទានសមណស័ក្ដិឡើងទីជា វិសុទ្ធិវង្ស ទីរាជាគណៈកិត្តិយស ឆ្នាំនោះដែររាជការឲ្យនិមន្ដទៅក្រុងវៀងចន្ទន៍ និង ហ្លួងព្រះបាង ប្រទេសលាវជាមួយនឹងព្រះសាសនសោភ័ណ ជួន ណាត ជាតំណាងប្រទេសខ្មែរ ក្នុងមហាសន្និបាតនៃពិធីបុណ្យពុទ្ធសាសនបណ្ឌិត្យនៃប្រទេសលាវផង និង ការប្រជុំដើម្បីបង្កើតសាលាបាលីជាន់ខ្ពស់ក្នុងប្រទេសលាវផង។
- ឆ្នាំ ១៩៣៥ ត្រូវបានចាត់តាំងឲ្យទៅបង្រៀនសំស្ក្រឹត និង ភាសាខ្មែរនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ និង ទទួលជាអធិបតីរងក្រុមជំនុំប្រែត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
- ឆ្នាំ ១៩៤០ បានឡើងជាព្រះសាក្យវង្ស ហួត តាត ទីរាជាគណៈថ្នាក់ត្រី ។
- ឆ្នាំ ១៩៤៤ ជាព្រះគ្រូសូត្រស្ដាំ វត្តឧណ្ណាលោម។
- ឆ្នាំ ១៩៤៥ ឡើងជាព្រះមហាវិមលធម្ម និង ចាអធិបតីនៃថេរសភាជាន់ខ្ពស់ ដែលធ្លាប់ធ្វើជាសមាជិកច្រើនឆ្នាំមកហើយ។
- ឆ្នាំ ១៩៤៧ ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ “ក” ដែលក្រោយមកឡើងជាអនុប្រធាននៃគណៈកម្មការវប្បធម៌ជំនួសសម្ដេច ជួន ណាត ដែលលាឈប់ក្នុងពេលព្រះអង្គមានករណីយកិច្ចច្រើនពេក។
- ឆ្នាំ ១៩៤៣,១៩៤៨,១៩៥១ និង ឆ្នាំ ១៩៥៤ សម្ដេចត្រូវបានតែងតាំងជាសមាជិកឆ្លើយឆ្លងសាសាលាចុងបូព៌ា។
- ថ្ងៃទី ២៦ ឧសភា ១៩៤៨ បានឡើងជាព្រះពោធិវ័ង្ស ទីរាជាគណៈថ្នាក់ឯក និង តែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ និង ជាអធិបតីនៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
- ថ្ងៃទី ២៨ វិច្ឆិកា ១៩៥៥ រាជការតែងតាំងជាអគ្គាធិការនៃពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។
- ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ១៩៦៤ បានទទួលព្រះឋានៈដ៏ខ្ពង់ខ្ពស់ជាទីប្រឹក្សាជាទីសម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ៥ រវ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៦៤។
- ឆ្នាំ ១៩៦៩ ក្រោយពីសម្ដេចព្រះសង្ឃរាជ ជួន ណា ចូលព្រះទីវង្គតទៅ សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានទទួលឋានៈជាព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស
មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត
ចំណេះដឹង និង ការកសាង៖
សម្ដេចព្រះពោធិវ័ង្ស
ហួត តាត មានចំណេះវិជ្ជាខាងផ្លូវលោក និង សាសនាដូចតទៅនេះ៖
- · ចេះភាសាបាលី យ៉ាងស្ទាត់ជំនាញ
- · ចេះអក្សរទេវនាគិរី និង ភាសាសំស្ក្រឹតយ៉ាងល្អិតល្អន់
- · ចេះភាសាបារាំង និង អង់គ្លេសល្មមប្រើការបាន
- · ចេះភាសាថៃ លាវ អាចនិយាយបាន និង សរសេរបាន
- · ចេះអានអក្សរថ្មខ្មែរបុរាណ។
សម្ដេចសង្ឃរាជ ហួត តាត
និមន្ដមកដល់កន្លែងតាំងពិពណ៌ពុទ្ធសាសនា (ភ្នំពេញ ១៩៥១)
គិតត្រឹមពីពេលដែលឡើងកាន់តំណែងជាចាងហ្វាងពុទ្ធិកវិទ្យាល័យមក
សម្ដេចបានបង្កើត៖
- គិលានដ្ឋានមួយសម្រាប់សមណនិស្សិតពុទ្ធិកវិទ្យាល័យព្យាបាលជំងឺ
- សុំរដ្ឋាភិបាលបង្កើនថ្នាក់រៀន ដែលមានសិស្សដល់ទៅ ២០០នាក់ចូលរៀននៅគ្រឹះស្ថានសិក្សានេះ
- សុំកែប្រែឈ្មោះពីសាលាបាលីជាន់ខ្ពស់ ទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និង កែប្រែកម្មវិធីបង្រៀន ឲ្យចម្រើនខាងផ្លូវសាសនា និង ផ្លូវលោក
- សុំបង្កើតអគ្គាធិការដ្ឋានសិក្សាមួយនៅភ្នំពេញ និង កែប្រែពីសាលាបាលីរង ឲ្យទៅសាលាជាពុទ្ធិកបឋម សិក្សាវិញ និង កែប្រែកម្មវិធីសម្រាប់បង្រៀនទៀត
- ឆ្នាំ ១៩៦៥ បានស្នើឲ្យរៀបចំកែប្រែទម្រង់សាលាពុទ្ធិកបឋមសិក្សាម្ដងទៀត ដើម្បីឲ្យសាលានេះ មាន ជំហររឹងប៉ឹង និង ដំណើរការល្អ
- កសាងកុដិ សាលាធម្មមន្ទីរ សាលាពុទ្ធិកបឋមសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ នៅស្រុកឧដុង្គ វិហារបេតុងនៅវត្តប្រាង្គ
- ឆ្នាំ ១៩៦៦ សាងមណ្ឌលសុខភាបមួយនៅទីប្រជុំជនឧដុង្គ សមិទ្ធិផលផ្សេងក្នុងវត្តឧណ្ណាលោម មានដូចជា៖ ឧបដ្ឋានសាលា កុដិ និងពុទ្ធិកបឋមសិក្សាជាដើម
- ចាត់ចែងកសាងអាគារសិក្សាឲ្យកើតឡើងយ៉ាងសមរម្យក្នុងបរិវេណពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ដែលមានសម្ដេចសីហនុជាប្រមុខរដ្ឋបរិច្ចាគព្រះរាជទ្រព្យផ្ទាល់
គ្រឿងឥស្សរិយយស ដែលសម្ដេចទទួលបាន៖
- ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៣២ មេដាយមាស មុនីសារភណ្ឌនៃប្រទេសកម្ពុជា
- ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ១៩៣២ មេដាយសឹវ៉ាលីយេ អស្សរិទ្ធិ ដំរី១លាន និងស្វេតឆត្រក្រុងហ្លួងព្រះបាង
- ថ្ងៃទី០១ មករា ឆ្នាំ១៩៤៤ មេដាយសឹវ៉ាលីយេ ដឺឡាឡេស្យុងដូនើរ នៃប្រទេសបារាំង
- ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ១៩៥២ មេដាយ សេន
- ថ្ងៃទី០៥ មេសា ឆ្នាំ១៩៦២ មេដាយវរសេនា
- ថ្ងៃទី១៩ ឧសភា ឆ្នាំ១៩៦៤ មេដាយ មហាសិរីវឌ្ឍន៍សុវត្ថារា
No comments:
Post a Comment